ក្រុង​ហ្វ៊ី​ឡាឌែល​ហ្វ្យៀ — ដោយមានការ​វាយប្រហារ​ជាបន្ត​បន្ទាប់ក្នុងពេលថ្មីៗ និងទង្វើ​​ស្អប់​ខ្ពើមផ្សេងទៀតចំពោះ​សមាជិកសហគមន៍ជនជាតិ​អាមេរិក​កាំង​ដើម​កំណើត​អាស៊ី និងអ្នក​មានដើមកំណើត​នៅបណ្តាកោះ​ក្នុង​សមុទ្រ​ប៉ាស៊ីភិក (AAPI) នៅទូទាំង​សហរដ្ឋ​អាមេរិក គណៈ​កម្មាធិការ​ក្រុងហ្វ៊ីឡាឌែលហ្វ្យៀ ផ្នែក​ទំនាក់ទំនងពលរដ្ឋ គណៈ​កម្មាធិការ​អភិបាលក្រុងកិច្ចការ​ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីភិច គណៈកម្មាធិការ​អភិបាលក្រុងកិច្ចការជនអន្តោប្រវេសន៍អាហ្វ្រិក និងការីបៀន គណៈ​កម្មាធិការ​អភិបាលក្រុងកិច្ចការបុរសអាមេរិក​ដើមកំណើតអាហ្វ្រិក គណៈ​កម្មាធិការអភិបាលក្រុងកិច្ចការ LGBT គណៈ​កម្មាធិការ​អភិបាលក្រុង​កិច្ចការជន​មានពិការ​ភាព​ជាប់​ខ្លួន គណៈ​កម្មាធិការកិច្ចការជំនឿសាសនាមូលដ្ឋាន និងអន្តរៈជំនឿ គណៈ​កម្មាធិការ​កិច្ចការ​នារីហ្វ៊ីឡាឌែល​ហ្វ្យៀ គណៈ​កម្មាធិការ​យុវជន​ហ្វ៊ីឡា​ឌែល​ហ្វ្យៀ និងក្រុម​ប្រឹក្សា​គណៈកម្មការ​សហសវត្សរ៍ បានចេញ​សេចក្តីប្រកាស ដូច​ខាងក្រោម ៖

“នៅក្នុង​ឆ្នាំដែលមានអំពើ​ស្អប់​ខ្ពើម​ជន​បរទេស និងអំពើ​ប្រកាន់​ជាតិ​សាសន៍​បានកើតឡើងដែល​មិន​អាច​អត់​អោនឲ្យបាន ដែល​បង្កឡើងដោយ​ភាព​ភ័យខ្លាច ដោយយកលេសពី​បញ្ហាមេរោគកូរ៉ូណា និងការ​ធ្វើ​ឲ្យ​សកម្មភាព​នេះកាន់​តែធ្ងន់​ធ្ងរឡើង ដោយ​រដ្ឋបាលប្រធានាធិបតីមុន បណ្តាលឲ្យសហគមន៍ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី និងសហគមន៍អ្នក​រស់នៅ​ដែនកោះប៉ាស៊ីភិច ទូទាំង​ប្រទេស បានជួបប្រទះការ​កើនឡើងនូវទង្វើស្អប់​ខ្ពើម និងអំពើហិង្សានានា ។​ ទង្វើស្អប់​ខ្ពើមជាតិសាសន៍ ដែលមានគោលដៅវាយប្រហារជនជាតិអាមេរិកដើម​កំណើតអាស៊ី និងអ្នក​នៅដែនកោះ​ប៉ាស៊ីភិច មិនមែន​ជារឿង​ថ្មីឡើយ ។ យើង​បាន​ឃើញការអនុម័តច្បាប់បដិសេធ​ជនជាតិចិន (Chinese Exclusion Act) ដែល​បានតាក់​តែងក្នុង​ឆ្នាំ 1882 ការកាត់ទោសដោយគ្មានការវិនិច្ឆ័យទោសតាមច្បាប់ លើក្រុម​បុរស និងក្មេងប្រុសជនជាតិចិនចំនួន 18 នាក់ នៅខាងក្រៅ​ពន្ធនាគារក្រុង​ឡសអ៊ែនជឺលែស ក្នុងឆ្នាំ 1871 ការ​ឃុំឃាំងជនបរិសុទ្ធនៃជនជាតិ​អាមេរិកាំង​ដើម​កំណើតជប៉ុន ចំនួន 120,000 នាក់ ក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី II និងអំពើវាយប្រហារមានគោលដៅមកលើជនជាតិ​អាស៊ី​ខាងត្បូង និងជនជាតិ​អាមេរិកដើម​កំណើត​អ៊ីស្លាម ដោយខុសច្បាប់ ក្រោយព្រឹត្តិការណ៍ 9/11 ។ ព្រឹត្តិការណ៍​ទាំងអស់នេះ បានក្រើន​រំឭកដល់យើងខ្ញុំ អំពី​បញ្ហា​ប្រកាន់​ជាតិសាសន៍ ដែល​ពលរដ្ឋ​ជាច្រើនកំពុង​តែ​ជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ គឺជា​ការ​ឆ្លុះបញ្ចាំង​អំពីគំនិតរើសអើងចាស់​គំរិល និងការយកបាយ​លាប​មាត់ពពែ ដែលបន្តកើតឡើង​គ្រប់​យុគសម័យទាំងអស់ ។

“នៅថ្ងៃទី 26 ខែមករា ឆ្នាំ 2021 លោក​ប្រធានាធីបតី បៃឌិន បានចេញអនុសារណៈ ទទួល​ស្គាល់​តួនាទីរដ្ឋាភិបាល​សហព័ន្ធ ដែលកាន់តែបង្កឲ្យមានគំនិត​ប្រឆាំងថែមទៀត ចំពោះសហគមន៍ AAPI ។ នៅក្នុង​អនុសារណៈនេះ លោក​ប្រធានាធិបតី ក៏បាន​ថ្កោល​ទោស​ចំពោះ​ទង្វើប្រកាន់​ជាតិ​សាសន៍ ការ​ស្អប់​ខ្ពើម​ជន​បរទេស  និង​ទ្រង់ទ្រាយនៃអំពើស្អប់ខ្ពើម​ផ្សេងទៀត ដែលផ្តោតលើសហគមន៍ AAPI ។ លោក​ប្រធានាធិបតី បានស្នើសុំឲ្យ​រដ្ឋាភិបាល​សហព័​ន្ធ ត្រូវ​ចាប់ដៃគូយ៉ាងសកម្មជាមួយ​នឹង​ទីភ្នាក់ងារ​រដ្ឋ និងទីភ្នាក់ងារ​មូលដ្ឋាន ក្នុងការ​បង្ការអំពីរើសអើង ការសម្លុត ការរុកគួនរំខាន និងឧក្រិដ្ឋកម្មនៃការស្អប់​ខ្ពើម ចំពោះសមាជិក​សហគមន៍ AAPI និងដើម្បី​ពង្រីកសកម្មភាព​ប្រមូល​ទិន្នន័យ និងការ​រាយការណ៍​សាធារណៈ ស្តីអំពីហេតុការណ៍ពាក់ព័ន្ធនឹងភាព​ស្អប់ខ្ពើម​ចំពោះសមាជិក​សហគមន៍នេះ ។ យើង​ពេញចិត្ត​ចំពោះ​ការផ្លាស់ប្តូររបៀបនិយាយស្តី នៅកម្រិត​រដ្ឋាភិបាល​សហព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ គឺនៅមានកិច្ចការ​ជាច្រើន​ទៀតដែល​យើង​ត្រូវ​ធ្វើបន្ថែម ។

“ជាអកុសល ទោះបីជានៅទីនេះ ក្រុងហ្វ៊ីឡាឌែល​ហ្វ្យៀ គឺនៅតែមានការ​វាយប្រហារ​អំពី​បញ្ហានេះ​ ដោយពាក្យ​សំដី និងរាងកាយ ក៏ដូចជាតាមរូបភាពផ្សេងៗទៀតនៃការ​ប្រកាន់​ជាតិសាសន៍ សំដៅចំពោះ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី ដដែល ។ ក្នុងឆ្នាំ 2020 គណៈកម្មាធិការហ្វីឡាឌែលហ្វ្យៀ​ផ្នែក​ទំនាក់​ទំនង​ពលរដ្ឋ (PCHR) បានទទួល​របាយការណ៍ចំនួន 28 ស្តីអំពីទង្វើ​ស្អប់​ខ្ពើម​ចំពោះសមាជិក​សហគមន៍ AAPI ដោយក្នុងនោះ របាយការណ៍ចំនួន 19 ត្រូវ​បានបញ្ជាក់ថាជាហេតុការណ៍នៃការស្អប់ខ្ពើម ឬភាពលំអៀង ដែលស្មើនឹង 34 ភាគរយ នៃរបាយការណ៍សរុបចំនួន 56 ស្តីអំពីហេតុការណ៍នៃការស្អប់ខ្ពើម ឬភាពលំអៀង ដែលទីភ្នាក់ងារនេះបាន​បញ្ជាក់ ។ ទើបតែសប្តាហ៍​មុន យើងបាន​ដឹងអំពី​របាយការណ៍ទាំងនោះ ស្តីអំពីការវាយប្រហារ ដែលដាក់​ឈ្មោះម្ហូបថា ‘COVID Mac’ ដែលហាក់​ដូចជាបាន​សរសេរចូលក្នុង​តារាងមុខ​ម្ហូប ប្រចាំហាងមួយ ។ ទោះបីជាក្រោយមកឈ្មោះមុខម្ហូបនោះត្រូវបាន​លុប​ចោលវិញក៏ដោយ ក៏វាបាន​បង្ហាញឲ្យ​ឃើញ​យ៉ាង​ច្បាស់ថា ភាពឈឺចាប់ត្រូវបានកើតឡើងមកលើ​សហគមន៍ជនជាតិអាស៊ីក្នុងក្រុងហ្វ៊ីឡា​ឌែល​ហ្វ្យៀ ពីហេតុការណ៍នេះ និងហេតុការណ៍​ផ្សេងទៀត រួចហើយដែរ ។ អំពើ​ប្រកាន់​ជាតិ​សាសន៍គ្រប់​ទ្រង់​ទ្រាយ ដែលកើត​ឡើង​ដោយជាក់ស្តែង ឬដែល​កើតឡើងទាំងស្រុង គឺមិនអាច នឹងមិនត្រូវ​អត់​អោនឲ្យបានឡើយនៅក្នុងក្រុងហ្វ៊ីឡា​ឌែល​ហ្វ្យៀ ។ ទង្វើបែបនេះ វាបង្កឲ្យមាន​គ្រោះថ្នាក់ចំពោះសហគមន៍ AAPI របស់យើង ហើយ​វា​រួមចំណែកក្នុងទ្រង់​ទ្រាយធំនាំដែលបង្កឲ្យមានការស្អប់ខ្ពើមជនបរទេស និងបរិយាកាស​ដែលមិន​ចេះអត់អោនឲ្យគ្នា ដែលជាទង្វើ​ផ្ទុយពីសមត្ថភាពនៃសង្គម​ពហុវប្បធម៌ ដើម្បីកសាងភាពចុះសម្រុងគ្នា ការគោរពគ្នាទៅវិញទៅមក និងគោលបំណងចុងក្រោយគឺសន្តិភាព និងវឌ្ឍនភាព ។

“យើងខ្ញុំ​សូមឆ្លៀតយក​ឱកាសនេះ ដើម្បី​ក្រើន​រំឭកដល់​សមាជិកសហគមន៍ AAPI ទាំងអស់ក្នុងក្រុងហ្វ៊ីឡាឌែល​ហ្វ្យៀ អំពី​ធនធានដែលមានសម្រាប់ពួកគេ ។ បើអ្នកគឺជា​ជនរងគ្រោះពីអំពើឧក្រិដ្ឋណាមួយ អ្នកត្រូវ​ហៅទូរស័ព្ទទៅលេខ​ 9-1-1  ដើម្បីរាយការណ៍ និងដើម្បី​ទទួល​បានជំនួយ​បន្ថែម ឧទាហរណ៍ ជំនួយវេជ្ជសាស្រ្ត និងសេវាកម្ម​ចំពោះ​ជនរងគ្រោះ ។ មានផ្តល់​ជូន​សេវាកម្ម​បកប្រែភាសា នៅពេលអ្នក​ហៅទូរស័ព្ទមកលេខ 911 ឬប្រើ​សេវាកម្មណាមួយរបស់​សាលាក្រុង ហើយ​ពលរដ្ឋ​ទាំងអស់​មានសិទ្ធិទទួល​បាន​សេវាកម្មទាំងនេះ ជា​ភាសារបស់ពួកគេ ។ មន្ត្រីរដ្ឋក៏អាចរាយការណ៍អំពី​អំពើស្អប់ខ្ពើម ឬអំពើលំអៀងបានដែរ ដោយការ​ទាក់ទង​ជាមួយនឹងគណៈ​កម្មាធិការហ្វ៊ីឡា​ឌែឡ​ហ្វ្យៀផ្នែក​ទំនាក់​ទំនង​ពលរដ្ឋ (PCHR) តាមលេខ 215-686-4670 ឬតាមអ៊ីម៉េល pchr@phila.gov ។ របាយការណ៍នេះ អាចធ្វើឡើង​ដោយអនាមិកតាមរយៈ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍របស់ PCHR ដែលមានលេខ 215-686-2856 ដោយប្រើ​ភាសា​ផ្សេងៗ ។PCHR នឹង​តាមដាន​ហេតុការណ៍នានា ហើយអាច​ឆ្លើយ​តប​ចំពោះទង្វើលំអៀង តាមរបៀប​ផ្សេងៗ បូករួមទាំងដោះស្រាយភាព​តានតឹង​សហគមន៍ តាមរយៈសម្របសម្រួល​ការ​ពិភាក្សា ការសម្រុះសម្រួល ឬដោយប្រើ​បច្ចេកទេសផ្សេងៗ  ដើម្បី​ចាប់ផ្តើម​ដំណើរការ​ផ្សះផ្សារ ជាមួយ​នឹង​ភាគីដែល​រង​ផលប៉ះពាល់ទាំងអស់ និងការសម្របសម្រួលការឆ្លើយតបប្រកប​ដោយអត្ថន័យ ជាមួយនឹងសហគមន៍ផ្សេងៗ និងដៃគូរបស់​សាលាក្រុង ។ នៅពេលដែលសកម្មភាព​រើសអើង​បានកើតឡើងនៅតាមកន្លែងធ្វើការ ទីជម្រក ឬទីកន្លែង​ផ្តល់​ជម្រក​សាធារណៈ យើងខ្ញុំអាច​ពង្រឹងច្បាប់ប្រឆាំង​ការរើសអើង​របស់​ក្រុង ។

“ក្នុងនេះផងដែរ យើងខ្ញុំក៏សូមលើកទឹកចិត្តឲ្យពលរដ្ឋ នាំគ្នារាយការណ៍អំពីអ្វី​ដែល​ខ្លួន​បានជួបប្រទះផ្នែកទង្វើស្អប់ខ្ពើម និងភាពមិន​អត់អោនឲ្យគ្នា មកកាន់សំណុំទិន្នន័យរបាយការណ៍ជាតិអំពី ការបញ្ឈប់ភាពស្អប់ខ្ពើមចំពោះ AAPI (Stop AAPI Hate) ដែលមានការ​ទទួល​របាយការណ៍អំពីហេតុការណ៍បែបនេះ ជាភាសាផ្សេងៗរបស់ AAPI ។ កំណត់ត្រារបាយការណ៍រឿងរ៉ាវរបស់ AAPI ទូទាំងប្រទេស អាចជួយសមាជិក​សហគមន៍ រួមគ្នា​ផ្សះដំបៅពីភាពភ័យខ្លាច ក៏ដូចជាបញ្ហាទាំងអស់ដែល​តែងមិនបានទទួល​ការ​យកចិត្តទុកដាក់ និងបង្កគ្រោះថ្នាក់បន្ថែមពីអាជ្ញាធរ ដែលមាន​តួនាទី​ធានាយុត្តិធម៌សង្គម ។

“អំពើ​ស្អប់​ខ្ពើម និង​ប្រកាន់​ជាតិ​សាសន៍ ក្នុងគ្រប់ទ្រង់ទ្រាយ គឺមិនអាចទទួលយកបានទេនៅក្នុងក្រុងហ្វ៊ីឡា​ឌែល​ហ្វ្យៀ ។ គណៈកម្មាធិការហ្វ៊ីឡាឌែលហ្វ្យៀ កិច្ចការ​ទំនាក់​ទំនង​ពលរដ្ឋ គណៈ​កម្មាធិការ​អភិបាលក្រុងកិច្ចការ​ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីភិច និងគណៈកម្មាធិការក្រុមប្រឹក្សាផ្សេងៗទៀត​របស់អភិបាលក្រុង កំពុងទន្ទឹង​រង់ចាំ ទទួលការ​ងារ​ក្នុងពេលអនាគត ដើម្បី​បញ្ចប់ទង្វើ​ទាំងឡាយណាបណ្តាលឲ្យមាន​ភាពស្អប់ខ្ពើម និងការ​រើសអើងចំពោះបុគ្គល ដោយសារពូជសាសន៍ ជាតិពន្ធុ ប្រទេស​កំណើត ឬទិដ្ឋភាពផ្សេងៗ ចំពោះ​អត្តសញ្ញាណរបស់ពួកគេ ខណៈពេលដែលសាលាក្រុង កំពុងបន្តការងារ ឈានទៅរក​អនាគតប្រកបដោយសមធម៌ សម្រាប់ពលរដ្ឋទាំងអស់ យើងត្រូវ​ធានាឲ្យបានថា សហគមន៍ដែល​រងផល​ប៉ះពាល់​ទាំងអស់ត្រូវបានរាប់បញ្ចូល ហើយក្តីកង្វល់ផ្ទាល់​របស់ពួកគេ ត្រូវបាននិយាយចេញ និងដោះស្រាយជូនទាំងអស់” ។

###