PHILADELPHIA – PHLpreK ជាកម្មវិធីមត្ដេយ្យសិក្សាដែលមានគុណភាព ឥតគិតថ្លៃរបស់ទីក្រុង Philadelphia កំពុងតែកើនឡើង។ ឆ្នាំសិក្សា 2021-2022 នឹងក្លាយជាកម្មវិធីធំបំផុតដែលបានបម្រើសិស្សានុសិស្សជាង 10,000 នាក់ ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ 2017។
ឆ្នាំសិក្សានេះគឺជាឆ្នាំទីប្រាំហើយសម្រាប់ PHLpreK។ PHLpreK បានចាប់ផ្តើមនៅខែមករាឆ្នាំ 2017។ នៅឆ្នាំនេះ កម្មវិធីនឹងបន្ថែមកន្លែងទំនេរ PHLpreK ថ្មីចំនួន 700 កន្លែងដើម្បីបម្រើដល់សិស្សានុសិស្សចំនួន 4,000 នាក់នៅក្នុងមជ្ឈមណ្ឌលថ្នាក់មត្ដេយ្យសិក្សាជាង 140 កន្លែងទូទាំងទីក្រុង។ គ្រួសារដែលមានចំណាប់អារម្មណ៍អាចទាក់ទងដោយផ្ទាល់មកកាន់ មជ្ឈមណ្ឌលកំពុងចូលរួម ឬហៅទៅលេខ 844-PHL-PREK (844-745-7735) ដើម្បីស្វែងរកកម្មវិធី។ កុមារដែលនឹងមានអាយុ 3 ឬ 4 ឆ្នាំ គិតត្រឹមថ្ងៃទី 1 ខែកញ្ញា មានសិទ្ធិចូលរៀន ដោយមិនគិតពីប្រាក់ចំណូលគ្រួសាររបស់ពួកគេឡើយ។
“ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ទីក្រុង Philadelphia បានផ្តល់ជូនថ្នាក់មត្តេយ្យសិក្សាដោយឥតគិតថ្លៃដែលមានគុណភាពដល់សិស្សានុសិស្សជាង 10,000 នាក់។ នោះគឺជាអ្នកសិក្សាពេញមួយជីវិត អ្នកជោគជ័យ និងអ្នកដឹកនាំនាពេលអនាគតចំនួន 10,000 នាក់។ សិស្សនិស្សិតទីក្រុងរបស់យើងបានធ្វើឱ្យយើងមានមោទនភាពរួចទៅហើយ ហើយខ្ញុំទន្ទឹងរង់ចាំមើលអ្វីៗដែលពួកគេទាំងអស់គ្នាសម្រេចបាន។ នៅឆ្នាំនេះ PHLpreK កំពុងរីកធំឡើងដើម្បីបម្រើដល់កុមារ និងគ្រួសារឲ្យបានកាន់តែច្រើនដោយសហការជាមួយមជ្ឈមណ្ឌលមត្ដេយ្យសិក្សានៅទូទាំងទីក្រុងច្រើនជាងមុន ហើយនេះនឹងក្លាយជាថ្នាក់រៀនដ៏ធំបំផុតរបស់យើង។ យើងមានការរំភើបដែលឃើញកម្មវិធីជោគជ័យនេះរីកចម្រើន និងមានមោទនភាពចំពោះអ្វីដែលពន្ធភេសជ្ជៈប្រចាំទីក្រុង Philadelphia និងការគាំទ្រយ៉ាងទូលំទូលាយចំពោះគុណភាពថ្នាក់មត្ដេយ្យសិក្សាសម្រេចបានរួចរាល់នៅក្នុងទីក្រុង Philadelphia សម្រាប់ក្រុមគ្រួសារ និងអាជីវកម្មក្នុងស្រុក”, លោកចៅហ្វាយក្រុង Jim Kenney បានមានប្រសាសន៍។
“នៅឆ្នាំ 2019 មជ្ឈមណ្ឌលសិក្សា Bustleton បានក្លាយជាអ្នកផ្តល់សេវា PHLpreK។ នេះគឺជារឿងរីករាយមួយដែលយើងមើលឃើញថា PHLpreK បានធ្វើឱ្យគ្រួសារ និងកុមារជាច្រើនមានក្តីសប្បាយរីករាយយ៉ាងណា ដោយមិនគិតពីប្រាក់ចំណូល និងស្ថានភាពការងារ ឱកាសទទួលបានកម្មវិធីអប់រំ អាហារប្រចាំថ្ងៃ ការគាំទ្រពីគ្រូបង្រៀន និងបុគ្គលិកព្រមទាំងសហគមន៍ធ្វើការរួមគ្នាដើម្បីភាពប្រសើរឡើងនៃកូនៗ និងក្រុមគ្រួសាររបស់ពួកគេ។ ខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃការងារដ៏សំខាន់នេះនៅក្នុងឆ្នាំទីប្រាំ និងឆ្នាំធំបំផុតរបស់កម្មវិធី”, នេះជាសម្តីរបស់ Aliya Johnson-Roberts នាយកប្រតិបត្តិ និងជាសហម្ចាស់នៃមជ្ឈមណ្ឌលសិក្សា Bustleton ដែលជាអ្នកផ្តល់សេវា PHLpreK។
“PHLpreK គឺជាឧទាហរណ៍ដ៏ល្អមួយនៃសេវាកម្មទីក្រុងដែលគាំទ្រអ្នករាល់គ្នាចាប់ពីអ្នកសិក្សាដែលក្មេងជាងគេបំផុតរបស់យើងរហូតដល់មូលដ្ឋានគ្រឹះនៃសហគមន៍រួមទាំងអាជីវកម្មដែលកាន់កាប់ដោយជនជាតិភាគតិច និងស្ត្រី។ ជាមួយនឹងថ្នាក់មត្ដេយ្យសិក្សាដែលមានគុណភាព ឥតគិតថ្លៃ កុមារកំពុងសិក្សា គ្រួសារកំពុងវិលត្រឡប់ទៅធ្វើការវិញ ហើយសាលារៀន និងអ្នកអប់រំរបស់យើងកំពុងធ្វើអ្វីដែលពួកគេស្រឡាញ់ – នោះគឺរៀបចំកូនៗរបស់យើងសម្រាប់ថ្នាក់មត្តេយ្យ និងការរៀនសូត្ររយៈពេលវែង”, មានប្រសាសន៍ដោយ Cynthia Figueroa, ចៅហ្វាយក្រុងរងនៃទីក្រុង Philadelphia ទទួលបន្ទុកខាងកុមារ និងគ្រួសារ។
PHLpreK គឺជាកម្មវិធីថ្នាក់មត្ដេយ្យសិក្សាឥតគិតថ្លៃដែលមានគុណភាពរបស់ទីក្រុង Philadelphia ដែលផ្តល់ឱ្យកុមារនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអប់រំរបស់ពួកគេ។ PHLpreK កំពុងជួយគ្រួសារនៅទូទាំងទីក្រុង Philadelphia ឲ្យទទួលបានឱកាសអប់រំកុមារតូចប្រកបដោយមានគុណភាព ដែលបានឧបត្ថម្ភធនដោយពន្ធភេសជ្ជៈប្រចាំទីក្រុង Philadelphia។